ថ្ងៃព្រហស្បតិ៍ ៣កើត ខែ ភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ខែ កញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ នៃអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យសម្រេច លើសំណើសុំបង្កើតរោងចក្រផលិតទឹកស្អាត របស់ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយមានការអញ្ជើញចូលរួមលោកជំទាវអភិបាលរងខេត្តទទួលបន្ទុកការងារវិនិយោគ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធស្ថិតក្នុងគណៈកម្មាធិការវិនិយោគខេត្ត និងតំណាងក្រុមហ៊ុន សរុប ២០ នាក់ ។
ការវិនិយោគផ្នែកផ្គត់ផ្គង់ទឹកស្អាតនេះ មានសារសំខាន់សម្រាប់ក្រុងកំពតនាពេលបច្ចុប្បន្ន ដែលកំពុងខ្វះខាតទឹកស្អាតផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ។ សូមបញ្ជាក់ដែរថា ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) ឯ.ក មានអាសយដ្ឋានក្រុមហ៊ុន មានទុនវិនិយោគសរុបចំនួន ១,៣លានដុល្លារសហរដ្ឋអាមេរិក និងបានដាក់ចុះបញ្ជី១លានដុល្លារសហរដ្ឋអាមេរិក។ រោងចក្រទឹកស្អាតនេះមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៥០០០ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ផ្តល់ការងារជូនប្រជាពលរដ្ឋសរុបចំនួន ៥៤នាក់ នៅក្នុងឆ្នាំដំបូងក្រុមហ៊ុនគ្រោងនឹងផលិតទឹកស្អាតឲ្យបាន ២លានម៉ែត្រត្រីគុណ ហើយទីផ្សារសំខាន់របស់ក្រុហ៊ុននេះគឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការវិនិយោគខេត្ត បានធ្វើការឯកភាព និងគាំទ្រទាំងស្រុង លើសំណើសុំបង្កើតរោងចក្រផលិតទឹកស្អាត របស់ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) ឯ.ក នេះ និងស្នើសុំលេខាធិការដ្ឋានគណៈកម្មាធិការវិនិយោគខេត្តរៀបចំឯកសារពាក់ព័ន្ធ ដើម្បីពន្លឿនការសាងសង់រោងចក្រ របស់ក្រុមហ៊ុន ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់បានឆាប់រហ័ស ៕