នៅសាលប្រជុំសាលាខេត្តថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំបូកសរុបពិនិត្យនិងវាយតម្លៃលទ្ធផល ការងារចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ជូនប្រជាជនក្នុងភូមិសាស្ត្រខេត្តកំពត ដែលកិច្ចប្រជុំនេះមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ក្រុងស្រុកទាំង៩ក្នុងខេត្ត។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកបញ្ជាក់ថា យុទ្ធនាការជាតិ ចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ជូនប្រជាជន គឺជាការងារសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការយកចិត្តទុកដាក់ឲ្យបានសកម្មភាព ដើម្បីសម្រេចបានលទ្ធផល ក្នុងការចាក់ជូនប្រជាពលរដ្ឋ មិនរើសអើងដោយស្ម័គ្រចិត្តនិងឥតគិតថ្លៃ ឲ្យបានគ្រប់គ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានបញ្ជាក់ថា កិច្ចប្រជុំពេលនេះ គឺដើម្បីបូកសរុបពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃយុទ្ធនាការ ការចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងខេត្តកំពត ទៅតាមគោលនយោបាយជាតិ សំដៅបង្កើតបានភាពស៉ាំ ក្នុងសហគមន៍ និងដើម្បីការពារសុខភាព និងអាយុជីវិតប្រជាជនឲ្យរួចផុតពីការស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។
ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្តក៏បានជំរុញលើកទឹកចិត្ត និងដាក់ទិសដៅការងារអនុវត្តបន្ត ដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង ស្រុក ទាំងអស់៖
១-សូមឲ្យធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយដើម្បីឲ្យពួកគាត់បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះឲ្យបានគ្រប់គ្នា
២-ត្រូវពិនិត្យធ្វើស្ថិតិទិន្នន័យឡើងវិញ ឲ្យបានជាក់លាក់ពីចំនួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងស្រុកនីមួយៗ ដែលពុំទាន់បានចាក់វ៉ាក់សាំង ដើម្បីឈានដល់ការចាក់បញ្ចប់នៅពេលខាងមុខនេះតាមគោលការណ៍របស់រាជរដ្ឋាភិបាល
៣-សូមឱ្យមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក បន្តយកចិត្តទុកដាក់ ពិនិត្យបញ្ហាប្រឈម និងដោះស្រាយបញ្ហាសាលារៀនដែលមានហានិភ័យទាបនៃការឆ្លងជំងឺកូវីដ-១៩ដើម្បីធ្វើការដាក់សំណើមករដ្ឋបាលខេត្តដើម្បីប្រជុំពិនិត្យពិភាក្សាជាមួយមន្ទីរអប់រំ និងឈានដំណើរការបើកសាលារៀនឡើងវិញ ពិសេសសម្រាប់សិស្សថ្នាក់ទី៩និងថ្នាក់ទី១២ដែលជាឆ្នាំប្រឡង ឲ្យបានចូលរៀនគ្រប់គ្នានឹងឈានបើកសាលារៀននៅក្នុងក្របខណ្ឌទូទាំងខេត្តកំពតនាពេលខាងមុខនេះផងដែរ។
ជាមួយឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានប្រគល់ជូនសម្ភារៈសម្រាប់បម្រើសកម្មភាពបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ សាខាកាកបាទក្រហមខេត្ត រួមមានម៉ាសចំនួន៩៣.៥០០ម៉ាស អាល់កុលចំនួន៨១០លីត្រ និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ-១៩ចំនួន៥២៨ប្រអប់ ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង៩ និង រដ្ឋបាលឃុំ សង្កាត់ចំនួន ៩៣ មន្ទីរពេទ្យបង្អែកខេត្ត និងស្រុកចំនួន៥ និងមណ្ឌលសុខភាពចំនួន៦៦ ក្នុងខេត្តផងដែរ ។