នារសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត នៅបរិវេណសាលាខេត្តកំពត។
មានប្រសាសន៍ក្នុងពិធីដ៏មានអត្ថន័យនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ជាវ តាយ ដែលបានខិតខំសម្របសម្រួលដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកំពតឱ្យមានការរីកចម្រើន និងសម្រេចបានសមិទ្ធផលនានាជាច្រើន ក្នុងពេលដែលឯកឧត្តមកាន់មុខតំណែងជាអភិបាលខេត្តកំពតក្នុងរយៈពេលប្រមាណជិត ០៤ឆ្នាំកន្លងទៅនេះ។
ជាមួយគ្នានេះដែរ សម្តេចក៏មានជំនឿជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តថ្មីនឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍របស់ខ្លួនបន្តដឹកនាំ សម្របសម្រួល គ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍខេត្តកំពតឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ ក្នុងស្មារតីនេះ សូមស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពត ផ្តល់ការគាំទ្រដល់ ឯកឧត្តម ម៉ៅ ធនិន ដើម្បីឯកឧត្តមមានលទ្ធភាពច្រើនថែមទៀតក្នុងការបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តកំពតឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។
ក្នុងឱកាសនេះ សម្តេចបានផ្ដល់នូវការណែនាំ អំពីកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
-បន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅតែជាកត្តាអាទិភាពគន្លឹះសម្រាប់ធានាឱ្យវិស័យនានាដំណើរការប្រក្រតី ពិសេសដើម្បីបង្កបរិយាកាសអំណោយផលដល់ការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់បណ្តាលមកពីវិបត្តិនៃជំងឺនេះ សំដៅអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាព និងពង្រឹងសុខដុមនីយកម្មក្នុងសង្គម។ ក្នុងនោះ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ប្រទេសយើងនឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដើម្បីជំរុញដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍមូលដ្ឋានជាបន្តទៀត។
-ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកបដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងត្រូវជៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព។ ជំរុញការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង។
-បន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ដលបណ្តាលមកពីវិបត្តិនជំងឺនេះដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការច្បាប់ វិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាបន្តបន្ទាប់ ពិសេសការដាក់ចេញ និងអនុវត្តដោយជោគជ័យនូវ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបង្កើតភាពស៊ាំក្នុងសង្គម មិនឱ្យជំងឺនេះឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដើម្បីឈានទៅបើកដំណើរការសេដ្ឋកិច្ចទ្រទ្រង់លំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។
-ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅថ្នាក់ខេត្ត និងគាំទ្រដល់ការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ស្រុក ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័សមានតម្លាភាព និងគណនេយ្យភាព។