រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ខេត្តកំពតរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង

  • 358
  • ដោយ savuth

ថ្ងៃព្រហស្បតិ៍្ត​ ១៥កេីត​ ខែអស្សុជ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃ​ ទី២១​ ខែតុលា​ ឆ្នាំ​២០២១​ នៅសាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការចំណុះសាលាខេត្ត បានចូលរួមពិធីពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

តាមរបាយការណ៍របស់ ឯកឧត្តម វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងដូសទី១ សម្រេចបានដូចខាងក្រោម៖
-ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ចាក់វាក់សាំបានចំនួន ៣៤៤,៧៦៣នាក់ ស្មើ ៨៩.០៩ភាគរយ នៃ ផែនការសរុប៣៨៦,៩៤៨នាក់ ។ ក្នុងនោះពុំទាន់បានចាក់ចំនួន ៤២,១៨៥នាក់ ស្មើ ១០.៩១ភាគរយ ។
-កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន៦៦,១០៩នាក់ ស្មើ ៨៤.០០ភាគរយ នៃផែនការសរុប៧៨,៧០០នាក់ ។ ក្នុងនោះអ្នកមិនទាន់បានចាក់ ចំនួន១២,៥៩១នាក់ ស្មើ ១៦.០០ភាគរយ ។

-កុមារ អាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាក់បាន ចំនួន៧៧,២០៥នាក់ ស្មើ ១១០.៨២ភាគរយ នៃផែនការ សរុប៦៩៦៦៨នាក់ ។ លើសផែនការ ចំនួន ៧៥៣៧ នាក់ ស្មើ ១០.៨២ភាគរយ ។
-ជារួមប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១រួច ចំនួន៤១០,៨៧២នាក់ ស្មើ៨៨.២៤ភាគ រយ នៃផែនការសរុប៤៦៥,៦៤៨ នាក់ ក្នុងនោះអ្នកពុំទាន់ បានចាក់ចំនួន៥៤,៧៧៦នាក់ ស្មើ១១.៧៦ភាគរយ (ស្ត្រីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋមានធុរៈផ្សេងៗ ក្នុងពេលយុទ្ធនាការ និងអ្នកជំងឺដែលមិនអាចចាក់បាន) ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតក្លាយជាប្រទេសឈានមុខ លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ។ ជាមួយលទ្ធផលចាក់វ៉ាក់សាំងគួរជាទីមោទននេះ យើងក៏មិនត្រូវភ្លេចអំពីការអនុវត្តតាមវិធានសុខាភិបាលនានា ព្រោះថាវ៉ាក់សាំងអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសំរាកមន្ទីរពេទ្យ និងអត្រាមរណៈភាព ប៉ុន្តែមេរោគកូវីដ ១៩ ដ៏កាចសាហាវនេះ នៅតែមានឱកាសឆ្លងចូលមកក្នុងខ្លួនយើង ហើយយើងក៏អាចជាភ្នាក់ងារចម្លងមេរោគនេះទៅអ្នកដទៃ និងមនុស្សជុំវិញខ្លួន ។

ក្នុងឱកាសនោះលោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ជាកិច្ចបញ្ចប់លោកជំទាវបានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងប្រកាសបិទការផ្តល់ថវិកាជូនដល់ប្រជាពលរដ្ឋដែលមានអាយុពី១០០ឆ្នាំឡើងទៅក្នុងខេត្តកំពតចាប់ពីថ្ងៃនេះតទៅដែរ។

អត្ថបទទាក់ទង