ព្រឹកថ្ងៃអង្គារ ៤រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសន្និសិតបូកគោ សាលាខេត្តកំពត មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តលនាព្រឹកនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តកិច្ចការនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងនាមអ្នកផ្តល់សេវាត្រូវអនុវត្តនូវគោលការណ៍មួយចំនួនដូចខាងក្រោម៖
១-មន្ត្រីរាជការត្រូវផ្លាស់ប្តូរអត្តចរឹតពីអ្នកគ្រប់គ្រងសេវា មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ដោយផ្តោតសំខាន់ទៅលើគោលការណ៍៥ចំណុចដែលជាគ្រឹះក្នុងការផ្តល់សេវា គឺសាមញ្ញ សីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត និងតម្លាភាព
២-រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីរបស់ខ្លួន ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ និងត្រូវពង្រឹងរបៀបរបបបំពេញការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីផ្តល់សេវាឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់ ដើម្បីថាប្រជាពលរដ្ឋអាចទទួលបានសេវាប្រកបដោយគុណភាព តម្លាភាព និងគ្មានការរើសអើង
៣-ថ្វិត្បិតតែការផ្ដល់សេវាទាំងនោះត្រូវបានអនុវត្តនៅការិយាល័យច្រកចេញចូលតែមួយក៏ពិតមែន ប៉ុន្តែការផ្តល់យោបល់ជំនាញបច្ចេកទេសនៅតែជាកិច្ចការស្នូលរបស់ការិយាល័យជំនាញនីមួយៗដដែល។ មានន័យថាការិយាល័យជំនាញចំណុះរដ្ឋបាលក្រុង ស្រុកត្រូអនុវត្តការងារឱ្យបានត្រឹមត្រូវតាមបែបបទ នីតិវិធីនានាដែលកំណត់ដោយក្រសួង ស្ថាប័នរបស់ខ្លួន
៤-មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការផ្តល់សេវារដ្ឋបាលតាមវិស័យរបស់ខ្លួន ឲ្យបានលឿនស្របតាមក្របខណ្ឌពេលវេលា និងគោលការណ៍ដែលបានកំណត់ ធ្វើយ៉ាងឱ្យការអនុវត្តនូវកំណែទម្រង់នេះមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ស្របតាមការរំពឹងទុក។
ទន្ទឹមនេះ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំបាទនឹងបន្តជជែកពិភាក្សា និងជំរុញឱ្យមន្ទីរជំនាញទាំងអស់ផ្ទេរការផ្ដល់សេវាដែលរាជរដ្ឋាភិបាលបានប្រគល់ជូនរដ្ឋបាលក្រុង ស្រុក ផ្ដល់ការគាំទ្រលើការបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពជាប្រចាំដល់បុគ្គលិកបម្រើការងារនៅក្នុងការិយាល័យច្រកចេញចូលតែមួយ និងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាថារដ្ឋបាលក្រុង ស្រុកផ្ដល់សេវាតាមគោលការណ៍ និងនីតិវិធីជាធរមាន។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ផ្អែកតាមការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទំនាក់ទំនងការងារ និងការគ្រប់គ្រងរដ្ឋបាលដែលមានលក្ខណៈខ្សែទទឹង និងខ្សែបណ្តោយត្រូវបានបញ្ចប់ ហើយរាជរដ្ឋាភិបាលបានសម្រេចធ្វើការកែសម្រួលទៅជារចនាសម្ព័ន្ធគ្រប់គ្រងមួយតាមគោលការណ៍រដ្ឋបាលឯកភាពពេញលេញ ដោយបានផ្ដល់សិទ្ធិអំណាចបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការសម្របសម្រួល និងអន្តរាគមន៍លើកិច្ចការនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ដើម្បីអនុវត្តតាមស្មារតីនៃអនុក្រឹត្យនេះ ទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធឡើងវិញ ដែលក្នុងនោះក៏មានលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយផងដែរ។
ដូច្នេះ ការរៀបចំការិយាល័យច្រកចេញចូលតែមួយក្នុងបរិបទថ្មីនេះបានធ្វើឡើងស្របគ្នាទៅនឹងស្ថានភាពកំណែទម្រង់មុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យរបស់កម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលមានគោលបំណងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងការរៀបចំរដ្ឋបាលអេឡិចត្រូនិចផងដែរ។
ឯកឧត្តម បានស្នើដល់សិក្ខាកាមដែលកំពុងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Video Conference (ZOOM Meeting) មេត្តាយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញ ចូលរួមចែករំលែកបទពិសោធន៍ និងចោទសួរជាសំណួរនានាពាក់ព័ន្ធនឹងការធ្វើបទបង្ហាញឱ្យបានផុលផុស ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្ត។