រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអតីតយុទ្ធជនពិការចំនួន៣២៩គ្រួសារ នៅមជ្ឈមណ្ឌលយុទ្ធជនពិការ៣១៧កោះស្លា

  • 261
  • ដោយ savuth

ព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអតីតយុទ្ធជនពិការចំនួន៣២៩គ្រួសារ នៅមជ្ឈមណ្ឌលយុទ្ធជនពិការ៣១៧កោះស្លា ស្ថិតក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

មានប្រសាសន៍សំណេះសំណាលនាព្រឹកនេះ ឯកឧត្តម បណ្ឌិត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជនគ្រប់ប្រភេទ ដែលបានលះបង់នូវកម្លាំងកាយ ប្រជ្ញាស្មារតី និងបានលះបង់នូវអាយុជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ។

ឯកឧត្តម បានបញ្ជាក់ថា តំបន់៣១៧នេះ ពីមុនមកជាទីកន្លែងនៃការប្រយុទ្ធសមរភូមិក្តៅមួយ ប៉ុន្តែថ្ងៃនេះ ទីនេះបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ និងជាទីប្រជុំជន ដែលយើងទាំងអស់គ្នារស់នៅដោយសេចក្តីសុខ និងសន្តិភាព។ អ្វីដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេស ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងខិតខំកសាងនូវធនធានមនុស្សដើម្បីសង្គមជាតិយើង និងកូនចៅជំនាន់ក្រោយរបស់យើង។ សម្តេចមិនត្រឹមតែបាននាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ សម្តេចថែមទាំងខិតខំស្វះស្វែងរកនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីមកចាក់ជូនដល់ពលរដ្ឋយើងគ្រប់ៗគ្នាដោយមិនគិតថ្លៃ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិសុខភាពសាធារណៈដោយជំងឺកូវីដ-១៩ និយាយជារួម ដោយឡែកព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវអំណោយ និងថវិកា ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ចែកជូនអតីតយុទ្ធជនពិការ និងដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខដ៏ខ្លីនេះផងដែរ។

អត្ថបទទាក់ទង